កម្ពុជាអរគុណឥណ្ឌូនេស៊ី ចំពោះកិច្ចសហការដ៏ល្អដើម្បីរួមគ្នាដោះស្រាយបទល្មើសក្នុងទម្រង់ថ្មីៗ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន។
ថ្ងៃចេញផ្សាយៈ February 20, 2026
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានអរគុណសាធារណរដ្ឋឥណ្ឌូនេស៊ីចំពោះកិច្ចសហការដ៏ល្អដើម្បីរួមគ្នាដោះស្រាយបទល្មើសក្នុងទម្រង់ថ្មីៗ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ដែលជាបទល្មើសមានលក្ខណៈស្មុគស្មាញ។ ការលើកឡើងនេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ជាថ្មីអំពីឱសានវាទនៃយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាននិងកំពុងបោសសម្អាតយ៉ាងជាក់ស្ដែង ដើម្បីធានាសន្តិសុខ សុខសុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈជូនប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិលើពិភពលោក រួមទាំងប្រជាជនឥណ្ឌូនេស៊ី។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសំណូមពរឱ្យឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូត ជួយបន្តផ្សព្វផ្សាយជាវិជ្ជមានអំពីកម្ពុជា និងជួយជំរុញទេសចរនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត ដោយហេតុថា ប្រទេសទាំងពីរ មានវប្បធម៌ និងទម្លាប់ប្រពៃណីប្រហាក់ប្រហែលគ្នា។
ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ បានកោតសរសើរចំពោះយុទ្ធនាការដោះស្រាយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងអះអាងថាឥណ្ឌូនេស៊ី ត្រៀមខ្លួនជានិច្ចសហការសម្របសម្រួលជាមួយក្រសួងមហាផ្ទៃ ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋឥណ្ឌូនេស៊ី ទៅប្រទេសដើមវិញ។ ឯកឧត្តមបណ្ឌិត ក៏បានឯកភាពជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត៕
