ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បញ្ជាក់ជំហរប្រាប់បណ្ដាអង្គទូត និងតំណាងសហភាពអឺរ៉ុបថា កម្ពុជានឹងឈានទៅលុបបំបាត់ការឆបោកអនឡាញដែលប្រភេទឧក្រិដ្ឋកម្មឆ្លងដែនឱ្យអស់ពីប្រទេស ។

ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បញ្ជាក់ជំហរប្រាប់បណ្ដាអង្គទូត និងតំណាងសហភាពអឺរ៉ុបថា កម្ពុជានឹងឈានទៅលុបបំបាត់ការឆបោកអនឡាញដែលប្រភេទឧក្រិដ្ឋកម្មឆ្លងដែនឱ្យអស់ពីប្រទេស
បើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ថ្លែងក្នុងបទបង្ហាញស្ដីពី យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេសកម្ពុជា ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបញ្ជាក់នូវជំហរជូនបណ្តាឯកអគ្គរដ្ឋទូត និងតំណាងទូតប្រចាំកម្ពុជាចំនួន២៦ និងតំណាងសហភាពអឺរ៉ុប (EU)ប្រចាំនៅប្រទេសកម្ពុជាថា កម្ពុជានឹងឈានទៅលុបបំបាត់ការឆបោកអនឡាញដែលប្រភេទឧក្រិដ្ឋកម្មឆ្លងឱ្យអស់ពីប្រទេស។
ប្រធាន គ.ប.ឆ.ប. បន្តថា ការប្រយុទ្ធប្រឆាំងការឆបោកអនឡាញត្រូវបានអនុវត្តពីមុនមក ហើយបាននិងកំពុងបង្កើនប្រតិបត្តិការបន្ថែមទៀតក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយផ្ទាល់ ក្នុងនោះជាលទ្ធផល ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ដើមឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះបានបង្ក្រាបការឆបោកអនឡាញចំនួន ២០០ករណី ពាក់ព័ន្ធទីតាំងសរុបចំនួនប្រមាណ ២.៥០០ កន្លែង ដោយបានរឹបអូសវត្ថុតាងរួមមានកំព្យូទ័រចំនួន ១០.៤៤៤ គ្រឿង និងទូរស័ព្ទស្មាតហ្វូនចំនួន ៣៦.៤៧៦ គ្រឿង ព្រមទាំងសម្ភារជាវត្ថុតាងផ្សេងទៀត។ ដោយឡែក សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសសរុបចំនួនជាង ៨.០០០ នាក់ចេញពីកម្ពុជា ខណៈទីតាំងដែលបានបង្រ្កាបចំនួនជាង ២០០កន្លែង រួមទាំងកាស៊ីណូផង ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ។
ជុំវិញលទ្ធផលនាពេលនេះ ប្រធាន គ.ប.ឆ.ប. ក៏បានថ្លែងអំណរគុណបណ្តាអង្គទូត និងដៃគូពាក់ព័ន្ធរួមមានសហរដ្ឋអាម៉េរិក ចិន កូរ៉េខាងត្បូង ហ្វីលីពីន ប៉ូលីសអន្តរជាតិ អង្គការ UNODC និងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងជាដើម ដែលបានគាំទ្រ និងចូលរួមក្នុងកិច្ចខិតខំប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមកនេះ ក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មនៅកម្ពុជា។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ នៃប្រទេសកម្ពុជា ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី សំណុំរឿងឧកញា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ សមត្ថកិច្ចកម្ពុជា ក៏បានបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដើម្បីឈានទៅវែកមុខក្រុមអង្គការចាត់ដែលបានយកកម្ពុជាធ្វើជាទីតាំងឆបោកទៅក្រៅប្រទេស៕