រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ៖ មន្ត្រីរាជការមិនត្រឹមតែចេះប្រើប្រាស់ AI តែត្រូវរៀនធ្វើជាម្ចាស់លើ AI ដើម្បីកសាងឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ៖ មន្ត្រីរាជការមិនត្រឹមតែចេះប្រើប្រាស់ AI តែត្រូវរៀនធ្វើជាម្ចាស់លើ AI ដើម្បីកសាងឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា យើងត្រូវរៀនសូត្រដើម្បីធ្វើជាម្ចាស់លើ AI មិនមែនគ្រាន់តែជាអ្នកប្រើប្រាស់នោះទេ ដោយ AI គឺជាជំនួយការដ៏ល្អ ប៉ុន្តែការសម្រេចចិត្តចុងក្រោយត្រូវផ្អែកលើបញ្ញា បទពិសោធ និងប្រាជ្ញាវិនិច្ឆ័យរបស់មនុស្ស។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងបែបនេះក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ។ នេះបើតាមបណ្ដាញសង្គមផ្លូវការទីស្ដីគណៈរដ្ឋមន្ត្រី។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចនូវទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់ជីវភាពនិងសុខុមាលភាពជូនប្រជាជន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ចាត់ទុកបច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច សម្រាប់រយៈពេល១០ ទៅ២០ ឆ្នាំខាងមុខ ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងបរិការណ៍នៃការប្រកួតប្រជែងសកល ប្រទេសនីមួយៗ រួមទាំងប្រទេសកម្ពុជាត្រូវវិនិយោគលើ AI ដើម្បីបង្កើននូវឧត្តមភាពប្រកួតប្រជែង (Competitive Advantage) ទាំងលើទិដ្ឋភាព សេដ្ឋកិច្ច បច្ចេកវិទ្យា យោធា និងសង្គម ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយផ្តោតលើប្រធានបទចំនួន៤ គឺ និយមន័យនៃ AI ការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ ជំនាញ Prompt Engineering និង ការប្រើប្រាស់ឧបករណ៍ AI ដើម្បីបង្កើនផលិតភាពការងារ៕